Sunday, June 21, 2015

ហេតុផល​១០​យ៉ាង​ដែល​ធ្វើ​ជំនួញ​តូចៗ​ត្រូវ​បរា​ជ័យ​

ហេតុផល​១០​យ៉ាង​ដែល​ធ្វើ​ជំនួញ​តូចៗ​ត្រូវ​បរា​ជ័យ​

ការ​បង្កើត​ជំនួញ​គឺ​ជា​រឿង​ដ៏​ស្មុគ​ស្មាញ ​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ លោក​អ្នក​មិន​អាច​ធ្វើ​វា​បាន​សម្រេច​នោះ​ឡើយ​។ ​ការ​ស្វែង​យល់​ឱ្យ​បាន​ល្អិត​ល្អន់​នូវ​ចំណុច​ខ្វះ​ខាត​របស់​អ្នក ​និង​ចំណុច​ខ្សោយ​របស់​ស្ថាប័ន​ផ្សេង​ៗ ​នឹង​អាច​ជួយ​ឱ្យ​លោក​អ្នក​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ប្រសើរ​​។​​​
​​ខាង​​ក្រោម​​នេះ​​ គឺ​​ជា​​ហេតុ​​ផល​​ខ្លះ​​ដែល​​ធ្វើ​​ឱ្យ​​ជំនួញ​​ខ្នាត​​តូច​​របស់​​លោក​​អ្នក​​ទទួល​​បរាជ័យ​​៖​ ​


​១. ​ខ្វះ​ការ​ផ្ដោត​លើ​គោល​ដៅ​
​ក្នុង​ការ​​ធ្វើ​​ជំនួញ​ វា​ជា​កំហុស​ដ៏​ធំ​មួយ​ពេល​ដែល​លោក​អ្នក​មិន​មាន​គោល​ដៅ​ និង​ពេល​វេលា​កំណត់​ច្បាស់​លាស់​។ ​មនុស្ស​ច្រើន​ណាស់​ដែល​មិន​បាន​យល់​អំពី​រឿង​នេះ​ ហើយ​កំណត់​គោល​ដៅ​យ៉ាង​ច្រើន​ក្នុង​ពេល​តែ​មួយ​។ ​

​២. ​សម្រេច​ចិត្ត​មិន​បាន​ល្អ​
ជំនួញ​ទ​ទួល​បាន​ជោគជ័យ​ក៏​ព្រោះ​តែ​មាន​ការ​សម្រេច​​ចិត្តដ៏​ឆ្លាត​វៃ​។​ ហើយ​ជា​រឿង​ធម្មតា ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឱ្យ​បាន​ល្អ​ លោក​អ្នក​ត្រូវ​តែ​ទទួល​បាន​ព័​ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ​ មុន​នឹង​ធ្វើ​កា​រ​សម្រេច​ចិត្ត​ ជា​ជាង​ការ​សម្រេច​ចិត្ត​ដោយ​គ្មាន​ទិន្នន័យ​គ្រប់​គ្រាន់​។​​

​៣.​ ខ្វះ​សមត្ថ​ភាព​បត់​បែន​តាម​ការ​ផ្លាស់​ប្ដូរ​
​ការ​ផ្លាស់​ប្ដូរ​កើត​ឡើង​ជាដរាប ​ជា​ពិសេស​គឺ​នៅ​ក្នុង​សម័យ​បច្ចេក​វិទ្យា​ដ៏​ទំនើប​នេះ​ ដែល​ការ​ផ្លាស់​ប្ដូរ​កើត​ឡើង​ស្ទើរ​តែ​គ្រប់​វិនាទី​។ ​ដើម្បី​រស់​រាន​បាន​ ជំនួញ​របស់​លោក​អ្នក​ត្រូវ​តែ​មាន​ក​ម្លាំង​ខ្លាំង​ ហើយ​អាច​បត់​បែន​ទៅ​តាម​ស្ថានការណ៍​បាន​យ៉ាង​ល្អ​។​

​៤.​ ប្រើ​ប្រាស់​របៀប​ដឹក​នាំ​ទន់​ខ្សោយ​
​អ្នក​អាច​ជា​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស ​ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា ​បើ​សិន​ជា​លោក​អ្នក​មិន​អាច​ឱ្យ​អ្នក​ដទៃ​ធ្វើ​កិច្ចការ​ដ៏​លំបាក​ទេ​នោះ​ ពួក​គេ​មិន​មាន​ការ​រីក​ចម្រើន​ឡើយ​ ហើយ​អ្នក​ក៏​គ្មាន​លទ្ធ​ផល​ល្អ​ផង​ដែរ​។​

​៥.​ មាន​ការ​ប្រកួត​ប្រជែង​ដ៏​ស្រួច​ស្រាវ​
​ការ​ប្រកួត​ប្រជែង​គឺ​ជា​រឿង​ដ៏​ប្រាកដ​មិន​អាច​ប្រកែក​បាន​មួយ​នៅ​ក្នុង​វិស័យ​ជំនួញ​។ ប៉ុន្តែ​ពេល​ខ្លះ​ការ​ប្រកួត​ប្រជែង​នោះ​វា​មាន​លក្ខណៈ​ស្រួច​ស្រាវ​ពេក​ រហូត​ដល់​លោក​អ្នក​ត្រូវ​បង្ខំ​ចិត្ត​បិទ​ជំនួញ​របស់​លោក​អ្នក​តែ​ម្ដង​។​ ប្រការ​ដ៏​ល្អ​ លោក​អ្នក​មិ​ន​ត្រូវ​ភ័យ​ខ្លាច​ទេ ​ផ្ទុយ​ទៅ​វិញ​លោក​អ្នក​ត្រូវ​ប្រឈម​នឹង​វា​ឱ្យ​បាន​ល្អ​។ ​

​៦.​ ស្ថិត​ក្នុង​ទី​តាំង​មិន​សម​ស្រប​
​ទី​តាំង​គឺ​ជា​រឿង​សំខាន់​មួយ​ទៀត​ផង​ដែ​រ។ ​លោក​អ្នក​ត្រូវ​ជ្រើស​រើស​ទី​តាំង​ណា​ដែល​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​ បើ​មិន​ដូច្នេះ​ទេ​ ជំនួញ​របស់​លោក​អ្នក​មុខ​ជា​ផុយ​ស្រួយ​មិន​ខាន​។ ​

​៧.​ ខ្វះ​ជំនាញ​ដែល​ចាំ​បាច់​
​​ដើម្បី​ទទួល​បាន​ជោគជ័យ ​ធន​ធា​ន​បុគ្គលិក​ដែល​មាន​ជំ​នាញ​ពិត​ប្រាកដ ​និង​អាច​បំពេញ​បេសកកម្ម​រ​បស់​អ្នក​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នោះ​គឺ​ជា​កត្តា​មួយ​ដ៏​សំខាន់​។ លោក ​Warren​ Buffet ​បាន​លើក​ឡើង​ថា ​ហានិភ័យ​កើ​ត​ឡើង​ពី​ការ​ដែល​មិន​ដឹង​ថា​អ្នក​កំពុង​តែ​ធ្វើ​អ្វី​។​ 

​៨​. ​ចាត់​ចែង​ភារ​កិច្ច​មិន​បាន​ល្អ​​
ទោះ​លោក​អ្នក​ជា​ចៅ​ហ្វាយ​នាយ​ ឬ​អ្នក​គ្រប់​គ្រង​ក៏​ដោយ​ ក៏​លោក​អ្នក​មិន​ត្រូវ​ច្បាម​រាល់​កិច្ច​ការ​ទាំង​អស់​មក​ដាក់​នឹង​ខ្លួ​ន​នោះ​ឡើយ​។​ លោក​អ្នក​ត្រូវ​ផ្ដោត​តែ​ទៅ​លើ​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​ ហើយ​កិច្ច​ការ​ដែល​នៅ​សេស​សល់​ គួរ​តែ​ចាត់​ចែង​បន្ត​ឱ្យ​អ្នក​ដទៃ​ផ្សេងៗ​ទៀត​ធ្វើ ​ហើយ​ឱ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ​ និង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ពេល​ពួក​គេ​ធ្វើ​បាន​សម្រេច​។ ​​

​៩.​ ខ្វះ​ដើម​ទុន​គ្រប់​គ្រាន់​​
ហេតុ​ផល​មួយ​ដែល​អ្នក​ជំនួញ​តែង​តែ​ស្វែង​រក​ជំនួញ​ពី​អ្នកវិនិយោគ ​និង​អ្នក​ចូល​ហ៊ុន​នោះ ​គឺ​បញ្ហា​ខ្វះ​ដើម​ទុន​គ្រប់​គ្រាន់​ក្នុង​ការ​បន្ត​។ ​​បើសិន​ជា​លោក​អ្នក​ជួប​បញ្ហា​នេះ​មែន ​លោក​អ្នក​នឹង​មាន​ផល​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​ឱ្យ​ជំ​​នួញ​របស់​លោក​អ្នក​រីក​ចម្រើន​។ ​

​១០.​ ការ​បង្វិល​សាច់​ប្រាក់​មិន​បាន​ល្អ​
​ការ​បង្វិល​សាច់​ប្រាក់​មិន​បាន​ល្អ​ចង់​សំដៅ​ដល់​ការ​សង​ត្រលប់​របស់​អតិថិជន​របស់​អ្នក​មិន​បាន​ ដូច​អ្វី​ដែល​អ្នក​គ្រោង​ទុក​។ ​នេះ​គឺ​ជា​បញ្ហា​ដ៏​ធំ​ណាស់​ ព្រោះ​បើ​សាច់​ប្រាក់​វិល​មិន​ទាន់​ មាន​ន័យ​ថា​ខ្វះ​ដើម​ទុន​ក្នុង​ការ​បន្ត​ជា​មិន​ខាន​។ ​

No comments:

Post a Comment