ព្រះច័ន្ទទីតាននៃភពសៅរ៍ មានចរន្តខ្យល់នៅប៉ូល ដូចផែនដី
ណាសា៖ យោងតាមទីភ្នាក់ងារអវកាសណាសា បានឲ្យដឹងនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះថា ភពផែនដី និង
ព្រះច័ន្ទទីតានរបស់ភពសៅរ៍ មានស្រទាប់បរិយាកាសក្រាស់ ថ្មក្រោមដី និង ប្រព័ន្ធតិចតូនិចដូចគ្នា។ ដោយឡែក បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា វាមានចរន្តខ្យល់ប៉ូលដូចគ្នា ដែលអាចរុញច្រានពពួកឧស្ម័នផ្សេងៗ ចេញពីបរិយាកាសរបស់វា ទៅកាន់លំហអាកាស។
ព្រះច័ន្ទដ៏ធំបំផុតរបស់ភពសៅរ៍ ឈ្មោះទីតាន (Titan) ត្រូវបានស្គាល់ជាលើកដំបូងថា ដូចជាភពមួយ ដែលអាចមាន ចរន្តខ្យល់ប៉ូលយ៉ាងពិសេស។ ជាមួយគ្នានេះដែរ យានរុករក កាសានី របស់ ភ្នាក់ងារអវកាសណាសា ដែលបាន សិក្សាអំពីភពសៅរ៍កាលពីឆ្នាំ ២០០៤ បានរកឃើញភស្តុតាងមួយនៃចរន្តខ្យល់ ដែលបានឆ្លងកាត់បរិយាកាស របស់ព្រះច័ន្ទទីតាន និង កន្ទុយនៃដែនម៉ាញ៉េទិចរបស់វា។
ជាក់ស្តែង ភស្តុតាងនេះត្រូវបានរកឃើញ នៅក្នុងទំរង់អេឡិចត្រុង ២៤,១ វ៉ុល នៃថាមពល ជាក់លាក់មួយ ដែលក្រុមអ្នកស្រាវជ្រាវ បានដឹងថាវា ជាទំនាក់ទំនងកើតឡើង រវាង ភាគល្អិតតូចៗ និងពន្លឺ។ ទោះបីជា ព្រះច័ន្ទទីតានមានចំងាយ ឆ្ងាយពីព្រះអាទិត្យ តែស្រទាប់ បរិយាកាសរបស់វា នៅតែទទួលពន្លឺពីព្រះអាទិត្យ គ្រាន់តែមានកម្រិតទាបប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា នៅលើភពផែនដី ក៏មានឥទ្ធិពលនៃភាគល្អិតតូច ៗនៅក្នុងស្រទាប់ បរិយាកាសដូចគ្នា ដោយវាតែងតែមានទំនាក់ទំនង ជាមួយនឹងដែនម៉ាញេទិចរបស់ផែនដី ជាហេតុបង្កឲ្យមានបរិយាស ស្រោបជុំវិញផ្ទៃផែនដីទាំងមូល និង អាចឲ្យជីវិតរស់នៅបាន។
No comments:
Post a Comment