ប្រិយមិត្តច្បាស់ជាដឹងហើយថា ហេតុអ្វីបានជាមនុស្សមួយចំនួននៅតែក្រ តែមនុស្សមួយចំនួនទៀតគឺជាអ្នកមាន? អ្នកខ្លះមាន អ្នកខ្លះក្រមកពីព្រេងសំណាងរបស់គេ ឬ ក៏ព្រហ្មលិខិតបានចារមកពីជាតិមុន? មានដែរមនុស្សមួយចំនួនទៀតបានខិតខំរកស៊ីស្ទើរគ្មានពេលសម្រាកតែនៅតែមិនមាន ខណៈដែលអ្នកខ្លះទៀតគ្រាន់តែដេកអង្គុយសុកៗស្រាប់តែមានព្រេងសំណាងក្លាយជាអ្នកមានទាំងមិនដឹងខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយនេះជាជីវិត ហើយសម្រាប់អ្នកក្រវាមិនប្រាកដថា សុទ្ធតែស្ថិតនៅក្នុងស្ថានភាពជីវភាពក្រីក្ររហូតនោះដែរឲ្យតែអនុវត្តតាមយុទ្ធសាស្ត្រទាំង១៧ ចំណុចនេះ។
១) ទិញអ្វីដែលចាំបាច់ កុំទិញអ្វីដែលអ្នកចង់បានមានកម្មវត្ថុពីរយ៉ាងសម្រាប់អ្នកមុនហូតលុយចេញពីហោប៉ៅនោះគឺ ទិញអ្វីដែលចាំបាច់ ឬក៏ទិញអ្វីដែលអ្នកចង់បាន។ តែយ៉ាងណាក្តីសូមឲ្យប្រាកដថា ដើម្បីក្លាយជាអ្នកមានបានលុះត្រាតែអ្នកទិញអ្វីដែលចាំបាច់ ជាជាងទិញអ្វីដែលអ្នកគិតថា វាគ្មានប្រយោជន៍សម្រាប់អ្នក។
២) ចំណាយឲ្យតិចជាងចំណូល
ជាឧទាហរណ៍អ្នករកចំណូលបាន២០០ដុល្លារក្នុងមួយខែ ហើយអ្នកបានចំណាយទៅវិញត្រឹមតែ១៣០ទៅ ១៥០ ដុល្លារក្នុងមួយខែ នោះមានន័យថា ច្រកទ្វារក្លាយជាអ្នកមានបានកំពុងរង់ចាំអ្នក។ តើបើចំណាយច្រើនជាងចំណូលវិញនោះ មានតែត្រៀមខ្លួនធ្វើជាអ្នកក្រតែប៉ុណ្ណោះ។
ជាឧទាហរណ៍អ្នករកចំណូលបាន២០០ដុល្លារក្នុងមួយខែ ហើយអ្នកបានចំណាយទៅវិញត្រឹមតែ១៣០ទៅ ១៥០ ដុល្លារក្នុងមួយខែ នោះមានន័យថា ច្រកទ្វារក្លាយជាអ្នកមានបានកំពុងរង់ចាំអ្នក។ តើបើចំណាយច្រើនជាងចំណូលវិញនោះ មានតែត្រៀមខ្លួនធ្វើជាអ្នកក្រតែប៉ុណ្ណោះ។
៣) ត្រូវធានាថា អ្នកមិនជំពាក់ប្រាក់គេរាល់អ្វីៗដែលអ្នកទិញតម្លៃស្នាក់នៅ ហូបចុក ទិញសម្ភារៈប្រើប្រាស់ និង ការចំណាយផ្សេងៗទៀតនឹងមិនធ្វើឲ្យធ្លាក់ចូលក្នុងក្រញាំបំណុលអ្នកដទៃលុះត្រាតែអ្នកធានាថា អ្នកមានលទ្ធភាពគ្រប់គ្រាន់ទូទាត់លើការចំណាយទាំងអស់នេះបាន។ បើមិនគ្រប់គ្រាន់ទេ សាកល្បងកាត់បន្ថយការចំណាយឡើងវិញឲ្យបានតិចជាងមុន ហើយបង្កើតគម្រោងហិរញ្ញវត្ថុមួយឲ្យមានប្រសិទ្ធភាព។
៤) ត្រូវចេះអត់ធ្មត់អ្នកនឹងជួបបញ្ហាតានតឹងផ្លូវចិត្តនៅពេលដែលអ្នកគ្មានលុយគ្រប់គ្រាន់ក្នុងហោប៉ៅសម្រាប់ចំណាយអ្វីមួយ។ យ៉ាងណាមិញ សូមកុំជំរុញស្ថានការណ៍នេះឲ្យកាន់តែអាក្រក់ជាងមុន តែត្រូវរៀនសូត្រឲ្យមានការអត់ធ្មត់ខ្ពស់បន្តិច ព្រោះគោលដៅរបស់អ្នកមិនអាចសម្រេចក្នុងមួយប៉ប្រិចភ្នែកបានឡើយ។ វាត្រូវការពេលវេលារង់ចាំ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីបុព្វហេតុទាំងនោះក្នុងរយៈពេលដ៏យូរ។
៥) ត្រូវប្រញាប់ប្រញាល់សន្សំប្រាក់ទុកដរាបណាអ្នកកាន់តែសន្សំប្រាក់បានកាន់តែឆាប់ អ្នកកាន់តែឆាប់ក្លាយជាអ្នកមាន។ ប្រសិនបើអ្នកមានលទ្ធភាពសន្សំប្រាក់ទុកក្នុងអាយុខ្ទង់ ២០ ឬ ៣០ឆ្នាំ នេះនឹងជួយជំរុញឲ្យអ្នកឈរនៅលើទីតាំងមួយផុតចេញពីមាត់ជ្រោះភាពក្រីក្រ និង កាន់តែអាចមានលទ្ធភាពពង្រីកអាជីពការងារកាន់តែប្រសើរឡើង។
៦) ធ្វើការងារដែលអ្នកស្រលាញ់ កុំធ្វើការដើម្បីលុយបើអ្នកធ្វើការងារដើម្បីតែលុយមួយមុខ មិនធ្វើការងារណាមួយដែលអ្នកពេញចិត្តស្របតាមសមត្ថភាព និង ជំនាញរបស់អ្នក នោះជីវិតរបស់អ្នកមិនអាចសម្រេចបំណងជាដុំកំភួនបានឡើយ។ យ៉ាងណាមិញ ធ្វើការដែលអ្នកស្រលាញ់នឹងជួយពង្រឹងអាជីពរបស់អ្នក ហើយទីបំផុតលុយនឹងរត់តាមអ្នកយ៉ាងពិតប្រាកដ។
៧) សន្សំប្រាក់ទុកសម្រាប់គ្រាអាសន្នបើមានលទ្ធភាពគ្រប់គ្រាន់ក្រៅពីប្រាក់សន្សំប្រចាំខែ អ្នកគួរមានប្រាក់សន្សំមួយទៀតសម្រាប់បំរុងទុកប្រើប្រាស់នៅពេលមានគ្រាអាសន្នណាមួយ ត្បិតអីវាមិនបណ្តាលឲ្យអ្នករត់ទៅខ្ចីបំណុលអ្នកដទៃនៅពេលដែលវាចូលមកដល់។ នេះជាគន្លឹះមួយការពារហានិភ័យផ្សេងៗយ៉ាងមានប្រសិទ្ធភាពបំផុត។
៨) ដោះបំណុលដែលនៅសេសសល់ឲ្យរួចប្រិយមិត្តគ្រប់រូបត្រូវចង់ចាំក្នុងចិត្តថា អ្នកដែលមានសេរីភាពហិរញ្ញវត្ថុពោលគឺមានលុយគ្រប់គ្រាន់សម្រាប់ការចំណាយរបស់ខ្លួន គឺជាចំណែកសុភមង្គលដ៏ធំធេងរបស់អ្នក។ ប៉ុន្តែបើអ្នកបានធ្លាក់ក្នុងបំណុលអ្នកដទៃ ចូរដោះបំណុលនោះឲ្យរួចឲ្យបានកាន់តែឆាប់កាន់តែល្អត្បិតអីវាជាជំងឺមហារីកនៃភាពក្រីក្រ។ វិធីសាស្ត្រដោះបំណុលគឺ កាត់បន្ថយការចំណាយឲ្យបានខ្ពស់ មានគម្រោងហិរញ្ញវត្ថុច្បាស់លាស់ ឬក៏បើមានបំណុលច្រើនម្ចាស់ ត្រូវផ្តល់អាទិភាពដោះបំណុលណាមួយដែលមានចំនួនច្រើនជាងគេ។
៩)ខិតខំធ្វើការឲ្យបានច្រើន និង មានការព្យាយាមបន្តិចសម្រាប់ការងារអាជីពរបស់អ្នកវិញ អ្នកត្រូវខិតខំធ្វើការឲ្យបានច្រើនកាន់តែល្អជាពិសេសនៅពេលពេញវ័យនេះតែម្តងព្រោះវាបានផ្តល់តម្លៃមួយមកវិញជាមួយហិរញ្ញវត្ថុដ៏ច្រើនជាងធម្មតា។ លើសពីនេះទៅទៀត អ្នកត្រូវមានការព្យាយាមឲ្យបានច្រើនផងដែរ ព្រោះការព្យាយាមគឺជាកូនសោចាក់យកកំណប់ជាច្រើនឆ្ពោះក្លាយទៅជាអ្នកមានប្រាក់ស្តុកស្តម្ភ។
១០) ធ្វើការងារថែមម៉ោង ឬ ការងារបន្ទាប់បន្សំចំពោះការងារប្រចាំថ្ងៃរបស់អ្នក បើអ្នកចង់ឲ្យបានប្រាក់ចំណូលកាន់តែច្រើន អ្នកគួរធ្វើការងារថែមម៉ោងឲ្យបានច្រើនបន្តិច។ ប៉ុន្តែក្រៅពីការងារគោល នៅមានការងារមួយទៀតដែលធ្វើឲ្យអ្នកកាន់តែទទួលបានប្រាក់ចំណូល នោះគឺការងារក្រៅម៉ោង (Part-Time Jobe)។ សូមលៃលកពេលវេលាបន្ថែមធ្វើយ៉ាងម៉េចឲ្យមានការងារទី២ ទើបជាការប្រសើរដែលអាចជួយសន្សំប្រាក់ចំណូលរបស់អ្នក។
១១) ពង្រីកជំនាញគ្រប់គ្រងគ្រងហិរញ្ញវត្ថុអ្នកដែលពូកែចាត់ចែងហិរញ្ញវត្ថុ គឺជាមនុស្សដែលមានភាគរយខ្ពស់ក្លាយទៅជាអ្នកមាន ត្បិតអីបុគ្គលទាំងនេះគ្រប់គ្រងប្រាក់ចំណូលបានល្អប្រសើរជាងមនុស្សដទៃទៀត។ សម្រាប់អ្នកក៏ដូច្នេះដែរ អ្នកត្រូវពង្រីកជំនាញគ្រប់គ្រងហិរញ្ញវត្ថុនេះឲ្យបានច្រើន ព្រោះវានឹងធ្វើឲ្យអ្នកដឹងថា តើការចំណាយរបៀបណាទើបជាការត្រឹមត្រូវ និង មានប្រសិទ្ធភាព?
១២) ប្រកាន់ខ្ជាប់គោលការណ៍ខ្លួនឯងជាចម្បងងាកមកមើលការចំណាយវិញបើអ្នកដឹងថា អ្នកមានលទ្ធភាពត្រឹមតែជួយជ្រោមជ្រែងខ្លួនឯងប៉ុណ្ណោះអ្នកគួរតែធ្វើវាទៅមិនចាំបាច់ទៅអះអាងជំនួសមុខជាពិសេសលើការចំណាយចេញថ្លៃអ្វីៗឲ្យអ្នកណាម្នាក់នោះឡើយ។ បើមិនដូច្នេះទេ ក្តីស្រមៃក្លាយជាអ្នកមានរបស់អ្នកអាចនៅឆ្ងាយពីអ្នកបន្តិចហើយ។
១៣) វិនិយោគឲ្យខ្លួនឯងវិនិយោគឲ្យខ្លួនឯងនៅពេលនេះ សំដៅលើការវិនិយោគទាំងឡាយណាដែលអ្នកត្រូវចំណាយប្រាក់សម្រាប់ពង្រីក និង ពង្រឹងចំណេះដឹង រួមទាំងការអភិវឌ្ឍសមត្ថភាពអាជីពការងាររបស់អ្នក។ នៅពេលដែលសមត្ថភាពជំនាញរបស់អ្នកកាន់តែអភិវឌ្ឍ នោះប្រាក់ចំណូលរបស់អ្នកក៏កាន់តែកើនទៅតាមនោះដែរ។
១៤) ត្រូវសន្សំប្រាក់ទុកសម្រាប់វិនិយោគបើអ្នកអាចសន្សំប្រាក់បានច្រើនហើយ អ្នកមិនគូរទុកប្រាក់ទាំងនោះឲ្យកណ្ដៀរកោរកណ្តុរកាត់នោះឡើយ ពោលគឺត្រូវប្រើប្រាស់ឲ្យបង្កើតប្រាកចំណូលបន្ថែម។ ដូច្នេះអ្នកអាចយកវាទៅវិនិយោគ ឬ រកស៊ីអ្វីផ្សេងៗទៀតដូចជានៅក្នុងវិស័យអចលនទ្រព្យ ឬ ពង្រីកមុខរបរអាជីវកម្មណាមួយជាដើម។
១៥) ចង់ក្លាយជាអ្នកមាន ត្រូវមានមហិច្ឆតាឲ្យកាន់តែធំមហិច្ឆតាសើរៗ ស្ទាក់ស្ទើរច្រើនមិនអាចធ្វើឲ្យអ្នកសម្រេចក្តីសុបិន្តធំក្លាយជាអ្នកមានបានឡើយ។ ផ្ទុយទៅវិញបើដាក់ចិត្តថាចង់ក្លាយជាអ្នកមាន អ្នកត្រូវមានមហិច្ឆតា និង គោលដៅយ៉ាងធំដែលត្រូវដើរ ជាមួយនឹងគម្រោងយ៉ាងច្បាស់លាស់សម្រាប់ដើរដើម្បីសម្រេចគោលបំណងទាំងនេះ។
១៦) មានជំនឿថា ដំណោះស្រាយពិតជាមានរាល់គ្រប់បញ្ហាទាំងអស់បើអ្នកយល់ថា ផ្លូវដែលអ្នកដើរកន្លងមកបានមកដល់ផ្លូវទល់ច្រក ហើយមិនអាចស្វែងករដំណោះស្រាយផ្សេងក្រៅពីអង្គុយរង់ចាំលទ្ធផលមកដល់នោះ នោះមានន័យថា ភាពជឿជាក់របស់អ្នកនៅមានកម្រិត។ សូមចាំថា មិនថាបញ្ហាទាំងនោះតូចក្តី ធំក្តី សុទ្ធតែមានច្រកដើរជាច្រើន ពោលគឺអ្នកមិនត្រូវងាប់ក្រឡាលើផ្លូវតែមួយនោះឡើយ។
១៧) ចង់ក្លាយជាអ្នកមាន ត្រូវតែចេញទៅរកលុយអ្នកគ្រាន់តែមានមហិច្ឆតាចង់ក្លាយជាអ្នកមាន តែបានដេករង់ចាំឱកាស និង ព្រេងសំណាងមកដល់ នោះវាគ្មានប្រយោជន៍នោះឡើយ។ តែវាទៅរួចបើអ្នក ពុះពារដើម្បីស្វែងរកការងារជាច្រើន ឬ បង្កើតមុខរបរស្វែងរកប្រាក់ចំណូលនៅខាងក្រៅ ត្បិតអីនៅលើពិភពលោកនេះបង្កប់ដោយធនធានយ៉ាងច្រើនមហាសាលដែលមិនអាចមានអ្នកណាម្នាក់មានសមត្ថភាពទាញយកអស់នោះឡើយ៕
No comments:
Post a Comment