ខាងក្រោមនេះគឺជាកិច្ចការដែលមនុស្សមានទ្រព្យសម្បត្តិតែងតែធ្វើជាប្រចាំ។ ដូច្នេះសូមសិក្សា ស្វែងយល់ទាំងអស់គ្នា៖

១. ពួកគេកំណត់គោលដៅជាក់លាក់ និងអាចសម្រេចបាន
ជាង 60% នៃអ្នកមានទ្រព្យសម្បត្តិ ដែលបានចូលរួមក្នុងការស្រាវជ្រាវសុទ្ធតែយល់ថាពួកគេផ្តោតលើគោលដៅរបស់ពួកគេជារៀងរាល់ថ្ងៃ។ ពួកគេបានដឹងយ៉ាងច្បាស់ថា គោលដៅដែល ពួកគេបានកំណត់នោះ ត្រូវតែធ្វើឱ្យសម្រេចទៅបានតាមរយៈសកម្មភាពការងារជាក់ស្ដែង ដូច្នេះពួកគេមិនដែលរាថយឡើយ។
២. ពួកគេបង្កើតតារាងដែលត្រូវធ្វើ (បញ្ជីការងារ) ហើយត្រួតពិនិត្យឡើងវិញជារៀងរាល់ថ្ងៃ
ដើម្បីចូលមកខិតទៅជិតគោលដៅរបស់ពួកគេ អ្នកមានទ្រព្យសម្បត្តិច្រើនតែងចំណាយពេលវេលាក្នុងការបង្កើតបញ្ជីការងារដែលត្រូវធ្វើ និងធ្វើតាមបញ្ជីនោះជារៀងរាល់ថ្ងៃ។ បញ្ជីការងារនេះនឹងជួយឱ្យអ្នកដឹងថា តើអ្នកនឹងត្រូវធ្វើអ្វីបន្ទាប់ទៀតនៅថ្ងៃស្អែក។
៣. ពួកគេថែរក្សារាងកាយរបស់ពួកគេ
ដើម្បីសម្រេចមហិច្ឆតារបស់ពួកគេឱ្យបានពេញលេញ ពួកគេត្រូវរាងកាយដែលមាំមួន និងមានប្រសិទ្ធភាព។ ដូច្នេះហើយបានជាពួកគេញ៉ាំអាហារដែលផ្ដល់សុខភាពល្អ ធ្វើលំហាត់ប្រាណទៀងទាត់ និងលំហែកាយបានយ៉ាងល្អ។
៤. ពួកគេអានសៀវភៅ និងស្រឡាញ់ការអានសៀវភៅ
អ្នកមានទ្រព្យ មិនត្រឹមតែចិញ្ចឹមរាងកាយជាមួយនឹងអាហារ ដែលមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចិញ្ចឹមគំនិតរបស់ពួកគេដោយប្រាជ្ញា និងព័ត៌មាន។ ដូច្នេះហើយពួកគេចូលចិត្តការអានព្រោះការអាននេះហើយ ដែលអាចចិញ្ចឹមប្រាជ្ញាស្មារតីឱ្យពួកគេបានយ៉ាងប្រសើរ។
៥. ពួកគេខិតខំប្រឹងប្រែងធ្វើការជាងអ្នកដទៃនៅក្បែរខាង
ការធ្វើខ្លួនជាបុគ្គលិកដ៏មមាញឹកបំផុត នឹងនាំឱ្យអ្នកបោះជំហានមួយជំហានទៀត ខិតទៅជិតការសម្រេចនូវសុបិនដ៏មហិមារបស់អ្នក។ អ្នកអាចនឹងស្រណុកកាយ ព្រោះអ្នកហ៊ានលំបាក ប៉ុន្តែអ្នកអាចនឹងលំបាកជារៀងរហូត ព្រោះតែអ្នកខ្លាចក្ដីលំបាក។
៦. ពួកគេចាត់ទុកជីវិតគ្រួសារជារឿងចម្បង
ដ្បិតតែការងារគឺជារឿងសំខាន់សម្រាប់បង្កើនប្រាក់ចំណូលក៏ដោយ ប៉ុន្តែគ្រួសារគឺជារឿងសំខាន់ ជាងហ្នឹងទៅទៀត ព្រោះថាអ្នកនឹងមិនអាចចែករំលែកក្ដីសុខរបស់អ្នកបានទេ បើពួកគេគ្មានវត្តមាននៅក្បែរអ្នកនោះ ទោះបីជាអ្នកក្លាយជាមហាសេដ្ឋីក៏ដោយ។
៧. ពួកគេគោរពពេលវេលា និងប្រើប្រាស់ឱ្យបានឈ្លាសវៃ
នៅក្នុងពិភពលោកដ៏មាមាញឹកនេះ លោកអ្នកនឹងអាចលំបាកខ្លាំងណាស់ ក្នុងការគ្រប់គ្រងពេលវេលាឱ្យបានត្រឹមត្រូវ។ ប៉ុន្តែបើសិនជាលោកអ្នកអាចធ្វើវាបានជោគជ័យ លោកអ្នកនឹងក្លាយទៅជាមនុស្សខ្លាំងមិនខាន។
៨. ពួកគេផ្ដោតការយកចិត្តទុកដាក់ចំពោះទម្លាប់របស់ពួកគេ
ទម្លាប់គឺជាមូលដ្ឋានគ្រឹះនៃការសម្រេចបានភាពជោគជ័យទាំងឡាយ។ បើសិនជាសកម្មភាពមួយមិនទាន់ក្លាយទៅជាទម្លាប់នោះទេ លោកអ្នកអាចនឹងមានអារម្មណ៍ថា វាជាកិច្ចការដ៏លំបាកសម្រាប់អ្នកមិនខាន។ ប៉ុន្តែមានមនុស្សខ្លះអាចធ្វើការងារបានគួរឱ្យកោតស្ញប់ស្ញែង ព្រោះវាជាទម្លាប់របស់ពួកគេទៅហើយ។
៩. ពួកគេមិនជឿជាក់លើសំណាងក្នុងការរកលុយកាក់ឡើយ
គ្មានឡើយពាក្យថាសំណាងសម្រាប់មនុស្សខ្ជិល។ ហើយក៏គ្មានដែរសម្រាប់មនុស្សដែលមិនបានធ្វើសកម្មភាពអ្វីសោះ។ លុយកាក់ហូរចូលក្នុងហោប៉ៅលោកអ្នកបាន លុះណាតែលោក អ្នកខិតខំយ៉ាងសកម្មក្នុងការងារ ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។
១០. ពួកគេមិនចំណាយច្រើនជាងចំណូលឡើយ
បើសិនជាលោកអ្នករកប្រាក់ចំណូលបានត្រឹមតែ ១លានដុល្លារ ហើយលោកអ្នកចំណាយទាំង អស់ លោកអ្នកច្បាស់ជាដាច់លុយមិនខានឡើយ។ នេះគឺជារឿងធម្មតាដែលមនុស្សគ្រប់គ្នាអាចយល់បាន។
No comments:
Post a Comment