អាជ្ញាធរអប្សរាចាត់វិធានការរឹតបន្ដឹងភ្ញៀវទេសចរណ៍ បរទេសដែលមកលេងអង្គរ
អាជ្ញាធរអប្សរាបានប្រកាសចាត់វិធានការតឹងរ៉ឹង ដល់ភ្ញៀវទេសចរណ៍ណាដែលនៅតែរឹងទទឺងមិនអនុវត្តន៍តាមស្លាកសញ្ញា និងការណែនាំរបស់អាជ្ញាធរអប្សរា។ ភាពរឹងទទឹងដែលភ្ញៀវទេសចរណ៍ភាគច្រើនគឺជាជនជាតិបរទេស ហើយមកទស្សនាតំបន់អង្គរប្រាកចាកពីគោលការណ៍ទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។

តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់អាជ្ញាធរអប្សរាបានបង្ហោះនៅប៉ុន្មានម៉ោងមុននេះនូវប្រសាសន៍របស់ឯកឧត្តមសុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា និងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ បានបង្ហាញថា ចាប់ពីអំណេះតទៅភ្ញៀវទេសចរណ៍នឹងមិនអាចធ្វើអ្វីស្រេចតាមតែចិត្តនៅក្នុងតំបន់អង្គរបានទៀតនោះទេ ព្រោះបទបញ្ញាត្តិផ្សេងៗនឹងត្រូវពង្រីកការផ្សព្វផ្សាយឲ្យដល់ភ្ញៀវទេសចរណ៍ផ្ទាល់ ហើយម្យ៉ាងទៀត អាជ្ញាធរអប្សរានឹងបង្កើតក្រុមប្រតិបត្តិអង្គរដើម្បីគ្រប់គ្រង និងចាត់វិធានការភ្លាមៗ នៅពេលភ្ញៀវទេសចរណ៍ណានៅតែគឃ្លីននឹងបទបញ្ញាត្តិក្នុងតំបន់អង្គរ។

គួរកត់សម្គាល់ថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរអប្សរារងការរិះគន់យ៉ាងចាស់ដៃថាបានធ្វេសប្រហែសបណ្ដែតបណ្ដោយឲ្យភ្ញៀវទេសចរណ៍អន្តរជាតិមួយចំនួន បានលួចថតស្រាតនៅក្នុងប្រសាទបុរាណក្នុងតំបន់អង្គរ។ ប៉ុន្តែទន្ទឹមនឹងនោះ អាជ្ញាធរអប្សរាបានចាត់វិធានការភ្លាមៗដែរ ដោយបានបញ្ជូនជនបរទេសទាំងនោះទៅតុលាការ និងបានបណ្ដេញចេញពីទឹកដីព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការដែរ។ អ្វីទាំងអស់នៅមិនទាន់ត្រូវបានបញ្ចប់ត្រឹមហ្នឹងនោះទេ ដោយនៅពេលនេះ អាជ្ញាធរអប្សរានឹងមានវិធានការបន្ថែម និងតឹងរ៉ឹងជាងមុនដើម្បីជៀសវាងករណីបទល្មើសណាមួយកើតឡើង៕

No comments:
Post a Comment