ក្រោយភាពតានតឹង៖ មេដឹកនាំកំពូលអាមេរិក និងមេដឹកនាំកំពូលរុស្ស៊ីជួបជជែកគ្នាតាមខ្សែរទូរស័ព្ទ
បើតាមការបញ្ជាក់ពីមន្ត្រីសេតវិមានអាមេរិកបានឱ្យដឹងថា លោកប្រធានាធិបតី ប៉ារ៉ាក់ អូបាមា របស់សហរដ្ឋអាមេរិក និងលោកប្រធានា ធិបតី វ្លាឌីមា ពូទីនរបស់សហព័ន្ធរុស្ស៊ី បានលើកយករឿងសំខាន់ៗជាច្រើនមកជជែកជាមួយគ្នាតាមខ្សែទូរស័ព្ទ ក្នុងនោះមានដូចជារឿងស្វែងរកកិច្ចព្រមព្រាងនុយក្លេអ៊ែរអីរ៉ង់ រឿងសង្គ្រាមស៊ីវិលដ៏រាំរ៉ៃនៅស៊ីរី រឿងក្រុមអង្គការរដ្ឋឥស្លាមជីហាដដ៏ជ្រុលនិយមនៅអីរ៉ាក និងស៊ីរី និងជាពិសេសគឺរឿងវិបត្តិនយោបាយដ៏យ៉ាប់យឺនរបស់ប្រទេសអ៊ុយក្រែន និងដែលកំពុងធ្វើឱ្យអាមេរិក និងរុស្ស៊ីផ្ទុះសង្គ្រាមពាក្យសម្ដីដាក់គ្នា។

មន្រ្តីសេតវិមានខាងលើបន្តថា មេដឹកនាំកំពូលទាំងពីររូបនោះ បានពិភាក្សាគ្នាពីស្ថានភាពកាន់តែគ្រោះថ្នាក់នៅក្នុងប្រទេសស៊ីរី និងថែមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមគ្នាក្នុងកិច្ចចរចានាពេលខាងមុខដើម្បីទប់ស្កាត់កុំឱ្យប្រទេស អីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ ជាមួយគ្នានោះលោកប្រធានាធិបតី ប៉ារ៉ាក់ អូបាមា ក៏មិនបានភ្លេចឆ្លៀតប្រាប់ទៅដល់លោកប្រធានាធិបតី វ្លាឌីមា ពូទីនថា ប្រទេសរុស្ស៊ីត្រូវធ្វើយ៉ាងណារក្សាឱ្យបាន នូវកិច្ចព្រមព្រាងបទឈប់បាញ់គ្នាជាមួយប្រទេសអ៊ុយក្រែន។ ក្នុងនោះរុស្ស៊ីក៏ត្រូវដកកងទ័ព និងអាវុធរបស់រុស្ស៊ី ចេញពីទឹកដីរបស់ប្រទេសអ៊ុយក្រែនផងដែរ។
ការជួបជជែកគ្នារវាងលោកអូបាមា និងលោកពូទីននេះ គឺជាលើកទីមួយហើយចាប់តាំងពីខែកុម្ភៈមកដែលពួកគេទាំងពីរខានជួបនិយាយគ្នាបែបនេះ។ ម្យ៉ាងវិញទៀត ការពិភាក្សារវាងមេដឹកនាំទាំងពីរខាងលើនោះ ត្រូវបានគេមើលឃើញថា កើតឡើងស្របពេលដែលអាមេរិក និងរុស្ស៊ីកំពុងព្រួយបារម្ភចំពោះគ្នាទៅវិញទៅមកខ្លាចថាសង្គ្រាមត្រជាក់នឹងអាចផ្ទុះឡើងសារជាថ្មីទៀត បន្ទាប់ពីប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួននឹងអាចបំពាក់គ្រាប់មីស្ស៊ី លបរមាណូអន្តរទ្វីបចំនួន៤០ដើមបន្ថែមទៀត ដែលអាចមានសមត្ថភាព បាញ់ទៅដល់គោលដៅរបស់ខ្លួន ។ រីឯអាមេរិកវិញ ក្រោយពីរុស្ស៊ីគម្រោងដូច្នោះហើយ ក៏បានប្រកាសពីការត្រៀមខ្លួនបញ្ជួនអាវុធទៅកាន់ប្រទេសអឺរ៉ុបខាងកើតផងដែរដើម្បីទប់ទល់ជាមួយរុស្ស៊ី។ទោះជាយ៉ាងណាក៏ដោយ បើតាមការលើកឡើងពីអគ្គលេខាធិការអង្គការណាតូបានបញ្ជាក់ថា ថ្វីដ្បិតខ្លួនបានរៀបចំអាវុធទំនើបនៅតាមក្រុមប្រទេសអឺរ៉ុបខាងកើតជាប់ព្រំដែនជាមួយប្រទេសរុស្ស៊ី យ៉ាងណាក៏ដោយ ក៏ការផ្ទុះអាវុធដាក់គ្នារវាងសម្ព័ន្ធមិត្តណាតូ និងរុស្ស៊ី មិនអាចកើតឡើងនាពេលខាងមុខឡើយ៕
No comments:
Post a Comment