Sunday, June 14, 2015

ឃើញ​តម្រូវការ​ទីផ្សារ​អន​ឡាញ​កើន​ឡើង និង ​ការ​ដឹកជញ្ជូន​នៅ​មាន​កម្រិត បែកគំនិត​បើក​ក្រុមហ៊ុន​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត



ផ្ដើមចេញពី​ការនិយម​ទិញ​ទំនិញ​អន​ឡាញ ហើយ​បាន​មើលឃើញ​ពី​ការខ្វះចន្លោះ​ខ្លះៗ ដែល​កើន​មាន​ឡើង​ក្នុង​ផ្នែក​នេះ ក៏ដូចជា​ឃើញ​ពី​តម្រូវការ​ច្រើន​ផង​នោះ បានធ្វើ​ឲ្យ​យុវជន​ខ្មែរ​មួយរូប​ដែល​បានបញ្ចប់​ការសិក្សា​ពី​សហរដ្ឋអាមេរិក លោក គង់ សុ​លី​យ៉ា សម្រេចចិត្ត​បោះទុន​ប្រមាណ​៣​ម៉ឺន​ដុល្លារ បើក​ក្រុមហ៊ុន​មួយ ដែល​ផ្ដោត​សំខាន់​លើ​ការដឹកជញ្ជូន​ទំនិញ​ទៅ​ឲ្យ​អតិថិជន​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​។

​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ ដែលមាន​ប្រព័ន្ធគ្រប់គ្រង និង​ការរៀបចំ​មាន​លក្ខណៈ​ស្ដង់ដា​ខ្ពស់​ដំបូង​គេ​ក្នុងប្រទេស​នេះ ត្រូវបាន​សហគ្រិន​វ័យក្មេង​រូបនេះ ដាក់ឈ្មោះថា ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ «Joonaak​ ជូន​អ្នក​» ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្បែរ​ស្ពាន​អ​កាស​ស្ទឹងមានជ័យ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ «Joonaak​»​បាន​ឲ្យ​ TheBNEWS ដឹងថា « បើ​និយាយ​ពី​ភ្នាក់ងារ​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​យើង ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា​មិនមែនជា​រឿង​អ្វី​ថ្មី​ទេ ប៉ុន្តែ​បើ​មើល​ពី​ក្រុមហ៊ុន ដែលមាន​រៀបចំ​ប្រភេទ​នេះ ខ្ញុំ​គិតថា «Joonaak ​​ជូន​អ្នក» គឺជា​ក្រុមហ៊ុន​ទី​១​ក្នុងប្រទេស​យើង ដែល​បាន​ផ្ដល់នូវ​សេវ​កម្ម​ដឹក​ជ​ញូ​ន​ទំនិញ​រហ័ស​បែបនេះ​»​។​


​លោក​បញ្ជាក់​ថា «Joonaak​​ជូន​អ្នក» គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ព្រមទាំង​ Online shop ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ជូន​អ្នក បច្ចុប្បន្ន​មាន​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ចំនួន​១០​គ្រឿង ព្រម​ជាមួយនិង​បុគ្គលិក​បម្រើ​ការងារ​សុទ្ធតែជា​និស្សិត​ផងដែរ​។​

«Joonaak​ជូន​អ្នក​» បាន​បែងចែក​តំបន់​ប្រតិបត្តិការ​របស់ខ្លួន​ជា​បី​តំបន់​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​កំណត់​ពី​តម្លៃ​នៃ​សេវាកម្ម និង​ពេលវេលា​នៃ​ការដឹកជញ្ជូន​ទៅដល់​ទីកន្លែង​។ ដោយ​តម្លៃ​នៃ​ការប្រើប្រាស់​សេវាកម្ម​«Joonaak​ជូន​អ្នក​»​នេះ​អាច​ចន្លោះ​ពី​១$-១.៥$ ឯរយៈពេលអាចចន្លោះពីកន្លះម៉ោង ទៅ២ម៉ោងតាមទីតាំង​ជិត​ឬ​ឆ្ងាយ។

​បច្ចុប្បន្ន​«Joonaak​ជូន​អ្នក​» បាន​នឹង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ចំនួន​២០​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ប្រតិ​ប​តិ្ត​ការដឹកជញ្ជូន​ដល់ទី​កន្លែង ។ លោក​បន្ថែមថា ចំនួន​សហការ​ពី​ក្រុមហ៊ុន​ទាំង​២០​នេះ គឺជា​សញ្ញា​យ៉ាង​ល្អ​សម្រាប់​អាជីវកម្ម​របស់លោក ព្រោះ​កាលពី​ដំបូង​លោក​រំពឹងទុក​ថា នឹង​ប្រមូល​ឲ្យ​បាន​ក្រុមហ៊ុន​ចំនួន​១០​សិន​ប៉ុណ្ណោះ​ដើម្បី​សហការ​ក្នុង​រយៈពេល​១​ឆ្នាំ ប៉ុន្តែ​អ្វីដែល​ហួស​ពី​កាល​រំពឹង គឺ​ត្រឹមតែ​បី​ខែ​ប៉ុណ្ណោះ យើង​អាច​ទទួលបាន​២០​ក្រុមហ៊ុន​។​

No comments:

Post a Comment