​មានការ​ស​ន្និ​ដ្នា​ន​មួយ​ក្នុងចំណោម​ការសន្និដ្ឋាន​ជាច្រើន​ទៀត បាន​ផ្ទុះឡើង​ក្រោយពី​គេ​បាន​ប្រទះឃើញ​បំណែក​យន្ដហោះ ដែល​គេ​សង្ស័យថា របស់ MH 370 គឺ អាកាសយានិក មាន​ចេតនា​ផ្លាស់ប្ដូរ​ទិសដៅ​ហោះហើរ និង​ធ្វើអោយ​យន្ដហោះ​ធ្លាក់ ប៉ុន្ដែ​នៅ​មិនទាន់មាន​មូលដ្ឋាន​ច្បាស់់លាស់ ដើម្បី​បញ្ជាក់​ការសន្និដ្ឋាន​នេះ​នៅឡើយ​។
malay-2975-1394333217-4770-139-2964-7983-1438329808

​​ក្រោយពេល​បាន​ប្រទះឃើញ​បំណែក​យន្ដហោះ ដែល​សង្ស័យថា​ជា​របស់ MH 370 អណ្ដែត​មក​ទើរ​នៅ​ឆ្នេរសមុទ្រ ស្ថិត​លើ​កោះ Reunion នា​មហាសមុទ្រ​ឥណ្ឌា មាន​អ្នកជំនាញការ និង​អ្នកតាមដាន​ស្រាវជ្រាវ បាន​ចាត់ទុកថា ការសន្និដ្ឋាន​ជាច្រើន​កាលពីមុន​នោះ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ ក៏ប៉ុន្ដែ នៅមាន​ការសន្និដ្ឋាន​មួយ ដែល​ត្រូវបាន​យកមក​ធ្វើការ​សន្និដ្ឋាន​ច្រើនជាងគេ គឺប្រធាន​អាកាសយានិក Zaharie Ahmad Shah អាចមាន​ចេតនា​ធ្វើអោយ​យន្ដហោះ​ធ្លាក់ សម្លាប់​ខ្លួនឯង និង​ភ្ញៀវ​ទាំងអស់​ដែល​នៅលើ​យន្ដហោះ​។​
តាម​ការអង្កេត​ស្រាវជ្រាវ​របស់​ម៉ាឡេស៊ី ជើងហោះហើរ MH 370 ត្រូវ​បាត់បង់​លទ្ធភាព​ទំនាក់ទំនង​ទាំងស្រុង​។ យន្ដហោះ​មាន​ចេតនា​ផ្លាស់ប្ដូរ​ទិសដៅ ហើយ​ខិតខំ​បន្ដ​ហោះ​បាន​ប៉ុន្មាន​ម៉ោង​ទៀត មុនពេល​បាត់ស្រមោល​ពី​ប្រព័ន្ធ​រ៉ា​ដា​។ ប្រការនេះ​បានធ្វើអោយ​មជ្ឈមណ្ឌល​តា​ម​ដានជើង​ហោះហើរ ប្រមូលផ្ដុំ​ការយកចិត្តទុកដាក់​ក្នុង​ការអង្កេត​ស្រាវជ្រាវ​។​​ការវាយតម្លៃ​ជំហាន​ដំ​បួង​របស់​ស្ថាប័ន​ចារកម្ម​សហរដ្ឋអាមេរិក​ក្រោយ​សោកនាដកម្ម MH 370 បាន​បញ្ចេញមតិ​ថា មាន​អ្នកណាម្នាក់​ដែល​នៅក្នុង​បន្ទប់​បើកបរ​ហោះហើរ មាន​ចេតនា​ធ្វើអោយ​យន្ដហោះ​ធ្វើដំណើរ​ខុស​ទិសដៅ មុនពេល​បាត់​ខ្លួន​។​
​​តាំងពី​ឆ្នាំ 1982 មាន​ករណី​យន្ដហោះ​បុក​យ៉ាងតិច 7​ករណី ដែល​បណ្ដាលអោយមាន​មនុស្ស​ជាច្រើន​នាក់​បាត់​បង់ជីវិត​ដែល​អាចមកពី​អាកាសយានិក ឬ​អ្នកជំនួយ​ការហោះហើរ ធ្វើអត្តឃាត​។ ថ្មីៗ​នេះ គឺ​ការធ្លាក់​យន្ដហោះ Germanwings កាលពី​ខែ​មិនា​កន្លងមក​។ អ្នក​អង្កេត​ស្រាវជ្រាវ​ទាំងអស់​ជឿជាក់ថា អាកាសយានិក Andreas Lubitz បាន​ចាក់សោរ​បន្ទប់ ហោះហើរ ក្រោយពេល​ប្រធាន​ក្រុម​អាកាសយានិក​ចាក​ចេញពី​បន្ទប់​។ ក្រោយមក​គេ​បាន​រកឃើញថា Lubitz មាន​ស្មារតី​មិន​នឹងន ហើយ​ធ្លាប់មាន​ជម្ងឺ​បាក់​ទឹកចិត្ត​។​
​​ប្រធាន​ក្រុម​អាកាសយានិក Shah អាយុ​53​ឆ្នាំ ចាប់ផ្ដើម​ធ្វើការ​នៅ Malaysia Airlines ឆ្នាំ​1981 ហើយ​បាន​ហោះហើរ​សរុប 18.000​ម៉ោង​។ លោក​ត្រូវបាន​គេ​រៀបរាប់ថា ជាម​នុស្ស រួសរាយ មានកូន​ប្រុស​2​នាក់ កូនស្រី​ម្នាក់ និង​ចៅប្រុស​ម្នាក់​។ មាន​ពត៌មាន​ច​ចាម​អារាម​ថា លោក​មាន​បញ្ហា​ពី​ចំណងអាពាហ៍ពិពាហ៍ ប៉ុន្ដែ​ក្រុមគ្រួសារ​លោក​បាន​បដិសេធ​ពត៌មាន​នេះ​។​
​​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​ញូ​ហ្សេ​ឡែ​ន កាលពី​ឆ្នាំមុន មិត្តភក្ដិ​ជិត​សិ្ន​ទ្ធ​យូរ​ឆ្នាំ​របស់​អាកាសយានិក និយាយថា Shah មាន​ទំនាក់ទំនង​ជាមួយ​នារី​ម្នាក់​ផ្សេងទៀត ក៏ប៉ុន្ដែ​លោក​មានការ​ឈឺចាប់​ណាស់ នៅពេល​ភរិយា​លោក​ចុះ​ចេញពីផ្ទះ​ទៅ​រស់នៅ​ដាច់ពីគ្នា​។ មិត្តភក្ដិ​លាក់​ឈ្មោះ ក៏​ជា​អាកាសយានិក​ដែរ យល់ថា Shah បាន​បើក​យន្ដហោះ បូ​អ៊ីង 777 សំរាប់ “​ជើងហោះហើរ​កំសាន្ដ​រីករាយ​ចុងក្រោយ​” មុនពេល​ធ្វើអោយ​វា​ធ្លាក់​នៅ​ខាង​ត្បួ​ង​មហាសមុទ្រ​ឥណ្ឌា​។​
​​”​លោក​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អាកាសយានិក​ល្អ​បំផុត ថ្វី​ត្បិត​ខ្ញុំ​គ្មាន​ជំនាញ​ខាង វេជ្ជសាស្ត្រ ក៏ប៉ុន្ដែ​ចំពោះ​អ្វីដែល​បានកើត​ឡើង គឺ Zaharie គ្មាន​ស្មារតី​ល្អ​ក្នុង ការហោះ ហើរ ឡើយ​” លោក​បាន​និយាយ​ជាមួយ NZ Herald ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​។​ គាត់​បាន​និយាយ​បន្ថែមទៀតថា “​អាច​ច្បាស់​ណាស់​ថា ភ្ញៀវ​ទាំងអស់ និង​ក្រុម​ហោះហើរ​ផ្សេងទៀត មិនបាន​ដឹងថា មាន​ហេតុការណ៍​អ្វី​កើតឡើង​រហូតដល់​ហួសពេល​ទៅហើយ​”​។​
​​អ្នកស៊ើប​អង្កេត​ម៉ាឡេស៊ី​ក៏បាន​រកឃើញថា ប្រធាន​អាកាសយានិក​រូបនេះ មិនដែល ធ្វើ​ផែនការ​អនាគត​ឡើយ ។ សៀវភៅ​កំណត់ហេតុ​ការងារ​ប្រចាំថ្ងៃ​ទុកចោល​ទំនេរ ទាំង ការងារ និង​សកម្មភាព​សង្គម​មិន​ដូច​អាកាសយានិក​ដទៃទៀត​ឡើយ​។​
​​Ahmad Jauhari Yahya នាយក​សំរបសំរួល​នៃ​ក្រុមហ៊ុន Malaysia Airlines កាលពី ខែ 03/2014 បាន​និយាយថា អនុប្រធាន​អាកាសយានិក Fariq Abdul Hamid  គឺជា​អ្នក​និយាយ​ឃ្លា​ថា «​បាន​ហើយ​! រាត្រីសួស្ដី​» ជា​ពាក្យ​ចុងក្រោយ​ដែល​បានឮ​នៅក្នុង​បន្ទប់​ហោះហើរ MH 370​។ ប៉ុន្ដែ ៣​ខែក្រោយ​ពេល MH370 បាត់​ខ្លួន ភរិយា​របស់ Shah បាន​បកស្រាយ​រឿងនេះ​។ Faizah Khanum បាន​និយាយ​ជាមួយ កាសែត Faizah Khanum របស់ New Zealand ថា ពាក្យ​ថា រាត្រីសួស្ដី គឺជា​សំលេង​របស់​ស្វាមី​លោកស្រី មិនមែន​របស់ Hamid ដូចដែល​ក្រុមហ៊ុន​បានបញ្ជាក់​ពីមុន​នោះទេ​។​
​​តាមរយៈ​របាយការណ៍ 584​ទំព័រ ដែល​ត្រូវបាន​ប្រកាស​កាលពីដើម​ឆ្នាំនេះ អ្នក​អង្កេត​ស្រាវជ្រាវ​ទាំងអស់​មិនទាន់បានរ​ក​ឃើញ​ភ័ស្ដុតាង​ដែល​បង្ហាញអោយឃើញថា អាកាស យានិក​ទាំងពីរ មាន​ចេតនា បង្វែរ​ទិស​ហោះហើរ និង​ធ្វើអោយ​យន្ដហោះ​ធ្លាក់ នោះឡើយ​។ អ្នក​អង្កេត​ទាំងអស់​រកឃើញថា គ្មានអ្វី​ខុសប្លែក​ធម្មតា Shah គឺជា​មនុស្ស “​គ្រប់លក្ខណៈ​”​។ រូបរាង អាកប្បកិរិយា ទឹកមុខ របៀប​ធ្វើ​ការងារ គឺ​ប្រក្រតី​របាយការណ៍​បញ្ជាក់​ដូច្នេះ​។​
​​”​លទ្ធភាព​ដោះស្រាយ​ភាព​តាង​តឹង​ទាំង​នៅ​កន្លែងធ្វើការ និង​នៅផ្ទះ​របស់លោក គឺ​ល្អ​ទាំងអស់​” របាយការណ៍​និយាយ​ពី​Shah ។ “​គ្មាន​អ្វីដែល​ត្រូវ​ព្រួយបារម្ភ ខឹងសម្បារ ឬមួយ​ក៏មាន​លក្ខណៈ​សោះអង្គើយ​នោះទេ​។ ហើយក៏​គ្មានអ្វី​ប្រែប្រួល​គួរអោយកត់សម្គាល់​ក្នុង​ការរស់នៅ​របស់គាត់ ឬមួយ​ក៏មាន​សញ្ញា​អ្វី​បង្ហាញថា លោក​មានទំនាស់​ប៉ះទង្គិច​ជាមួយ​អ្នកណា ឬ​ទំនាស់​ក្នុង​គ្រួសារ​ដែរ​”​។​ប៉ុន្មាន​ថ្ងៃ​មុនពេល​របាយការណ៍​ត្រូវបាន​ប្រកាស បងស្រី​របស់ Shah បាន​និយាយថា ពួកគេ​បាន​ខិតខំ​ទម្លាក់កំហុស​អោយ​ប្អូនប្រុស​របស់ខ្លួន​។ អ្នកស្រី​និយាយថា Shah មាន “​ប្រ​វ​តិ្ត​ហោះហើរ​ដ៏​ល្អ​” ហើយ “​ក៏​គ្មានអ្វី​គួរ​កត់សម្គាល់ថា​ខុសធម្មតា​” មុនពេល​សោកនាដកម្ម​កើតឡើង​ដែរ​”​។​
​​Hugh Dunleavy នាយក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Malaysia Airlines ក៏បាន​អោយដឹងថា ប្រធាន​ក្រុម​អាកាសយានិក​គឺជា​មនុស្ស​ពោរពេញ​បទ​ប​ពិសោធន៍ និង​ស្នាដៃ​ឆ្នើម​។ ពួកយើង​មិនបាន​ឃើញថា មាន​អ្វី​មិន​ប្រក្រតី​ចំពោះ​ទង្វើ ឬ​អាកប្បកិរិយា​របស់គាត់​ឡើយ Dunleavy និយាយ​។ “​យើងខ្ញុំ​មិនមាន​ហេតុផល​អ្វីដែល​អាច​ជឿ​បាន​ថា​ផ្ទៃក្នុង​ក្រុម​ហោះហើរ បានធ្វើអោយ​យន្ដហោះ​បាត់​ខ្លួន​នោះដែរ​”​។​​ការសន្និដ្ឋាន​នៅតែ​ជាការ​ប៉ាន់ស្មាន​ប៉ុណ្ណោះ​។ ស្ថាប័ន​សមត្ថកិច្ច ត្រូវតែ​រកអោយឃើញ​យ​ន្ដ​ហោះ MH370 ដើម្បី​បើក​វាំងនន​អាថ៌កំបាំង​នេះ​អោយបាន​។ (​តាម​ប្រភព IB Times)
ប្រភពៈ CEN