អាកាសយានិកធ្វើអត្តឃាត –
មានការសន្និដ្នានមួយក្នុងចំណោមការសន្និដ្ឋានជាច្រើនទៀត បានផ្ទុះឡើងក្រោយពីគេបានប្រទះឃើញបំណែកយន្ដហោះ ដែលគេសង្ស័យថា របស់ MH 370 គឺ អាកាសយានិក មានចេតនាផ្លាស់ប្ដូរទិសដៅហោះហើរ និងធ្វើអោយយន្ដហោះធ្លាក់ ប៉ុន្ដែនៅមិនទាន់មានមូលដ្ឋានច្បាស់់លាស់ ដើម្បីបញ្ជាក់ការសន្និដ្ឋាននេះនៅឡើយ។

ក្រោយពេលបានប្រទះឃើញបំណែកយន្ដហោះ ដែលសង្ស័យថាជារបស់ MH 370 អណ្ដែតមកទើរនៅឆ្នេរសមុទ្រ ស្ថិតលើកោះ Reunion នាមហាសមុទ្រឥណ្ឌា មានអ្នកជំនាញការ និងអ្នកតាមដានស្រាវជ្រាវ បានចាត់ទុកថា ការសន្និដ្ឋានជាច្រើនកាលពីមុននោះ គឺគ្មានមូលដ្ឋានច្បាស់លាស់។ ក៏ប៉ុន្ដែ នៅមានការសន្និដ្ឋានមួយ ដែលត្រូវបានយកមកធ្វើការសន្និដ្ឋានច្រើនជាងគេ គឺប្រធានអាកាសយានិក Zaharie Ahmad Shah អាចមានចេតនាធ្វើអោយយន្ដហោះធ្លាក់ សម្លាប់ខ្លួនឯង និងភ្ញៀវទាំងអស់ដែលនៅលើយន្ដហោះ។
តាមការអង្កេតស្រាវជ្រាវរបស់ម៉ាឡេស៊ី ជើងហោះហើរ MH 370 ត្រូវបាត់បង់លទ្ធភាពទំនាក់ទំនងទាំងស្រុង។ យន្ដហោះមានចេតនាផ្លាស់ប្ដូរទិសដៅ ហើយខិតខំបន្ដហោះបានប៉ុន្មានម៉ោងទៀត មុនពេលបាត់ស្រមោលពីប្រព័ន្ធរ៉ាដា។ ប្រការនេះបានធ្វើអោយមជ្ឈមណ្ឌលតាមដានជើងហោះហើរ ប្រមូលផ្ដុំការយកចិត្តទុកដាក់ក្នុងការអង្កេតស្រាវជ្រាវ។ការវាយតម្លៃជំហានដំបួងរបស់ស្ថាប័នចារកម្មសហរដ្ឋអាមេរិកក្រោយសោកនាដកម្ម MH 370 បានបញ្ចេញមតិថា មានអ្នកណាម្នាក់ដែលនៅក្នុងបន្ទប់បើកបរហោះហើរ មានចេតនាធ្វើអោយយន្ដហោះធ្វើដំណើរខុសទិសដៅ មុនពេលបាត់ខ្លួន។
តាំងពីឆ្នាំ 1982 មានករណីយន្ដហោះបុកយ៉ាងតិច 7ករណី ដែលបណ្ដាលអោយមានមនុស្សជាច្រើននាក់បាត់បង់ជីវិតដែលអាចមកពីអាកាសយានិក ឬអ្នកជំនួយការហោះហើរ ធ្វើអត្តឃាត។ ថ្មីៗនេះ គឺការធ្លាក់យន្ដហោះ Germanwings កាលពីខែមិនាកន្លងមក។ អ្នកអង្កេតស្រាវជ្រាវទាំងអស់ជឿជាក់ថា អាកាសយានិក Andreas Lubitz បានចាក់សោរបន្ទប់ ហោះហើរ ក្រោយពេលប្រធានក្រុមអាកាសយានិកចាកចេញពីបន្ទប់។ ក្រោយមកគេបានរកឃើញថា Lubitz មានស្មារតីមិននឹងន ហើយធ្លាប់មានជម្ងឺបាក់ទឹកចិត្ត។
ប្រធានក្រុមអាកាសយានិក Shah អាយុ53ឆ្នាំ ចាប់ផ្ដើមធ្វើការនៅ Malaysia Airlines ឆ្នាំ1981 ហើយបានហោះហើរសរុប 18.000ម៉ោង។ លោកត្រូវបានគេរៀបរាប់ថា ជាមនុស្ស រួសរាយ មានកូនប្រុស2នាក់ កូនស្រីម្នាក់ និងចៅប្រុសម្នាក់។ មានពត៌មានចចាមអារាមថា លោកមានបញ្ហាពីចំណងអាពាហ៍ពិពាហ៍ ប៉ុន្ដែក្រុមគ្រួសារលោកបានបដិសេធពត៌មាននេះ។
ក្នុងបទសម្ភាសន៍មួយជាមួយកាសែតញូហ្សេឡែន កាលពីឆ្នាំមុន មិត្តភក្ដិជិតសិ្នទ្ធយូរឆ្នាំរបស់អាកាសយានិក និយាយថា Shah មានទំនាក់ទំនងជាមួយនារីម្នាក់ផ្សេងទៀត ក៏ប៉ុន្ដែលោកមានការឈឺចាប់ណាស់ នៅពេលភរិយាលោកចុះចេញពីផ្ទះទៅរស់នៅដាច់ពីគ្នា។ មិត្តភក្ដិលាក់ឈ្មោះ ក៏ជាអាកាសយានិកដែរ យល់ថា Shah បានបើកយន្ដហោះ បូអ៊ីង 777 សំរាប់ “ជើងហោះហើរកំសាន្ដរីករាយចុងក្រោយ” មុនពេលធ្វើអោយវាធ្លាក់នៅខាងត្បួងមហាសមុទ្រឥណ្ឌា។
”លោកគឺជាមនុស្សម្នាក់ក្នុងចំណោមអាកាសយានិកល្អបំផុត ថ្វីត្បិតខ្ញុំគ្មានជំនាញខាង វេជ្ជសាស្ត្រ ក៏ប៉ុន្ដែចំពោះអ្វីដែលបានកើតឡើង គឺ Zaharie គ្មានស្មារតីល្អក្នុង ការហោះ ហើរ ឡើយ” លោកបាននិយាយជាមួយ NZ Herald ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ។ គាត់បាននិយាយបន្ថែមទៀតថា “អាចច្បាស់ណាស់ថា ភ្ញៀវទាំងអស់ និងក្រុមហោះហើរផ្សេងទៀត មិនបានដឹងថា មានហេតុការណ៍អ្វីកើតឡើងរហូតដល់ហួសពេលទៅហើយ”។
អ្នកស៊ើបអង្កេតម៉ាឡេស៊ីក៏បានរកឃើញថា ប្រធានអាកាសយានិករូបនេះ មិនដែល ធ្វើផែនការអនាគតឡើយ ។ សៀវភៅកំណត់ហេតុការងារប្រចាំថ្ងៃទុកចោលទំនេរ ទាំង ការងារ និងសកម្មភាពសង្គមមិនដូចអាកាសយានិកដទៃទៀតឡើយ។
Ahmad Jauhari Yahya នាយកសំរបសំរួលនៃក្រុមហ៊ុន Malaysia Airlines កាលពី ខែ 03/2014 បាននិយាយថា អនុប្រធានអាកាសយានិក Fariq Abdul Hamid គឺជាអ្នកនិយាយឃ្លាថា «បានហើយ! រាត្រីសួស្ដី» ជាពាក្យចុងក្រោយដែលបានឮនៅក្នុងបន្ទប់ហោះហើរ MH 370។ ប៉ុន្ដែ ៣ខែក្រោយពេល MH370 បាត់ខ្លួន ភរិយារបស់ Shah បានបកស្រាយរឿងនេះ។ Faizah Khanum បាននិយាយជាមួយ កាសែត Faizah Khanum របស់ New Zealand ថា ពាក្យថា រាត្រីសួស្ដី គឺជាសំលេងរបស់ស្វាមីលោកស្រី មិនមែនរបស់ Hamid ដូចដែលក្រុមហ៊ុនបានបញ្ជាក់ពីមុននោះទេ។
តាមរយៈរបាយការណ៍ 584ទំព័រ ដែលត្រូវបានប្រកាសកាលពីដើមឆ្នាំនេះ អ្នកអង្កេតស្រាវជ្រាវទាំងអស់មិនទាន់បានរកឃើញភ័ស្ដុតាងដែលបង្ហាញអោយឃើញថា អាកាស យានិកទាំងពីរ មានចេតនា បង្វែរទិសហោះហើរ និងធ្វើអោយយន្ដហោះធ្លាក់ នោះឡើយ។ អ្នកអង្កេតទាំងអស់រកឃើញថា គ្មានអ្វីខុសប្លែកធម្មតា Shah គឺជាមនុស្ស “គ្រប់លក្ខណៈ”។ រូបរាង អាកប្បកិរិយា ទឹកមុខ របៀបធ្វើការងារ គឺប្រក្រតីរបាយការណ៍បញ្ជាក់ដូច្នេះ។
”លទ្ធភាពដោះស្រាយភាពតាងតឹងទាំងនៅកន្លែងធ្វើការ និងនៅផ្ទះរបស់លោក គឺល្អទាំងអស់” របាយការណ៍និយាយពីShah ។ “គ្មានអ្វីដែលត្រូវព្រួយបារម្ភ ខឹងសម្បារ ឬមួយក៏មានលក្ខណៈសោះអង្គើយនោះទេ។ ហើយក៏គ្មានអ្វីប្រែប្រួលគួរអោយកត់សម្គាល់ក្នុងការរស់នៅរបស់គាត់ ឬមួយក៏មានសញ្ញាអ្វីបង្ហាញថា លោកមានទំនាស់ប៉ះទង្គិចជាមួយអ្នកណា ឬទំនាស់ក្នុងគ្រួសារដែរ”។ប៉ុន្មានថ្ងៃមុនពេលរបាយការណ៍ត្រូវបានប្រកាស បងស្រីរបស់ Shah បាននិយាយថា ពួកគេបានខិតខំទម្លាក់កំហុសអោយប្អូនប្រុសរបស់ខ្លួន។ អ្នកស្រីនិយាយថា Shah មាន “ប្រវតិ្តហោះហើរដ៏ល្អ” ហើយ “ក៏គ្មានអ្វីគួរកត់សម្គាល់ថាខុសធម្មតា” មុនពេលសោកនាដកម្មកើតឡើងដែរ”។
Hugh Dunleavy នាយកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Malaysia Airlines ក៏បានអោយដឹងថា ប្រធានក្រុមអាកាសយានិកគឺជាមនុស្សពោរពេញបទបពិសោធន៍ និងស្នាដៃឆ្នើម។ ពួកយើងមិនបានឃើញថា មានអ្វីមិនប្រក្រតីចំពោះទង្វើ ឬអាកប្បកិរិយារបស់គាត់ឡើយ Dunleavy និយាយ។ “យើងខ្ញុំមិនមានហេតុផលអ្វីដែលអាចជឿបានថាផ្ទៃក្នុងក្រុមហោះហើរ បានធ្វើអោយយន្ដហោះបាត់ខ្លួននោះដែរ”។ការសន្និដ្ឋាននៅតែជាការប៉ាន់ស្មានប៉ុណ្ណោះ។ ស្ថាប័នសមត្ថកិច្ច ត្រូវតែរកអោយឃើញយន្ដហោះ MH370 ដើម្បីបើកវាំងននអាថ៌កំបាំងនេះអោយបាន។ (តាមប្រភព IB Times)
ប្រភពៈ CEN
No comments:
Post a Comment